Tuesday, 29 March 2016
លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្មប្រឆាំងរូបលោក
លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្មប្រឆាំងរូបលោក: កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត បានសម្រេចថាលោកនឹងមិនទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធីចូលឆ្នាំ ក្រោយពីប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានប្រកាសថានឹងធ្វើបាតុកម្មប្រឆាំងរូបលោក។ លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានអញ្ជើញដោយគណៈកម្មាធិការបុរីកម្ពុជាទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។
បក្សប្រឆាំងកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់
បក្សប្រឆាំងកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់: គណបក្សសង្គ្រោះជាតិបានកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់និងមិនតបតចំពោះអ្វីដែលកំពុងកើតមានមកលើគណបក្សមួយនេះ ដោយបក្សនេះថាដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតនិង”ការផ្លាស់ប្តូរដោយវិជ្ជមាន”។កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ គណបក្សប្រឆាំងបានបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់ខ្លួន ដោយមានសមាជិកប្រមាណ១៥០០នាក់ចូលរួម។ ក្រោយបញ្ចប់សន្និបាតនេះ គណបក្សបានចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិងគោលនយោបាយរបស់ខ្លួនចំនួន១២ចំណុចដែលចំណុចសំខាន់ៗមានដូចជាប្រកាន់គោលការណ៍អហិង្សា មិនគុំគួន មិនយកខ្មែរណាធ្វើជាសត្រូវនិងប្រកាន់នូវគោលការណ៍មិនឈ្លោះ មិនឆ្លើយនិងមិនឆ្លងជាដើម។
យុវជន ស្រី ចំរើន ថាសាលាក្រុងអនុញ្ញាតឲ្យដង្ហែញត្តិទៅផ្ទះលោក កឹម សុខា
យុវជន ស្រី ចំរើន ថាសាលាក្រុងអនុញ្ញាតឲ្យដង្ហែញត្តិទៅផ្ទះលោក កឹម សុខា: យុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែកនេះ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែករដ្ឋបាលនៃសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយថាសាលារាជធានីបានអនុញ្ញាតឲ្យមានការហែញត្តិនោះ។ លោកបន្តថា៖ “ខ្ញុំដាក់លិខិតនៅព្រឹកមិញនេះ គាត់(ផ្នែករដ្ឋបាល)ទទួលហើយអនុញ្ញាត។ គេគ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វីទេ”។
រដ្ឋសភាក្រើនរំឭកឲ្យលោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន
រដ្ឋសភាក្រើនរំឭកឲ្យលោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន: អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា។អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះបានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។
បក្សប្រឆាំងរៀបចំប្តឹងក្រុមយុវជនពីការប្រើប្រាស់សញ្ញាសម្គាល់គណបក្ស ពេលតវ៉ាប្រឆាំងលោក កឹម សុខា
បក្សប្រឆាំងរៀបចំប្តឹងក្រុមយុវជនពីការប្រើប្រាស់សញ្ញាសម្គាល់គណបក្ស ពេលតវ៉ាប្រឆាំងលោក កឹម សុខា: ណបក្សសង្រ្គោះជាតិបានប្រកាសថាខ្លួនកំពុងរៀបចំសំណុំឯកសារប្តឹងក្រុមយុវជនដែលដឹកនាំដោយលោក ស្រី ចំរឿន ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមានសញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំលោភលើកម្មសិទ្ធបញ្ញា។នៅរសៀលនេះ លោក ស្រី ចំរើន បានដឹកនាំយុវជនមួយក្រុមហែក្បួនដាក់ញ្ញតិទៅកាន់រដ្ឋសភា ស្នាក់ការអង្គការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិងផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង ដែលក្រុមនេះសង្ស័យថាជាសំឡេងលោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។
អ្នកច្បាប់ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺបំពានច្បាប់
អ្នកច្បាប់ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺបំពានច្បាប់: ក្រុមអ្នកច្បាប់លើកឡើងថាករណីសភាបញ្ជួនលិខិតឲ្យលោក កឹម សុខា បំភ្លឺទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿងអាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។
បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃការពារសុវត្ថិភាព ក្រោយដឹងពីគម្រោងតវ៉ារបស់ក្រុមយុវជន
បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃការពារសុវត្ថិភាព ក្រោយដឹងពីគម្រោងតវ៉ារបស់ក្រុមយុវជន: គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹងថាយុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅផ្ទះរបស់លោក កឹម សុខា នៅរសៀលថ្ងៃអង្គារនេះ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះអាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញត្តិពីមុខរដ្ឋសភាទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួចបន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅទួលគោក។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាមលទ្ធភាពដែលមាន។
Subscribe to:
Posts (Atom)